ពេលព្រះអាទិត្យអស្ដង្គត រាត្រីកាលរំកិលខ្លួនចូលមកប្រលោមដំណេកមនុស្សសត្វ គេឃើញមានស្រីក្មេងស្អាតៗ សាច់សខ្ចីកំពុងអង្គុយចាំភ្ញៀវរហង់ក្រោយពន្លឺភ្លើងពណ៌ខ្វាត់ខ្វែង តាមកន្លែងសប្បាយដូចជា ហាងបៀរហ្គាឌិន និងខារ៉ាអូខេ ជាដើម ដែលកន្លែងបុរសអ្នកមាន យកលុយទៅដូរការសប្បាយ។
មិនមែននារីទាំងអស់ សុទ្ធតែចង់ធ្វើការកន្លែងនេះទេ តែអាចបណ្ដាលមកពីកត្តាមួយចំនួនបង្ខំឲ្យពួកនាងចាប់របរនេះ។ ស្ដាប់ការរៀបរាប់ខ្លះៗរបស់នារីដែលប្រលូកក្នុងជីវិតអាជីពពេលរាត្រី ដើម្បីដឹងពីហេតុផល ដែលសារព័ត៌មានកំណើតថ្មីបានធ្វើបទសម្ភាសន៍ ៖
សម្បុរស្រអែម រាងស្វែល តូចច្រឡឹង រីយ៉ា [ឈ្មោះអ្នកនិពន្ធដាក់ឲ្យ] វ័យ ២០ឆ្នាំ ជាអ្នកធ្វើការនៅហាងខារ៉ាអូខេមួយ ម្ដុំទួលគោកបង្ហើបឲ្យដឹងថា បច្ចុប្បន្នកញ្ញាជាកម្មការិនីរោងចក្រមួយរូប ព្រោះត្រូវការលុយបន្ថែមកញ្ញាក៏សម្រេចចិត្តមកធ្វើនៅកន្លែងសប្បាយនេះ។
រីយ៉ា បានបង្ហើបសម្តីមួយៗ ជាមួយទឹកមុខបែប អៀនប្រៀនថា ៖ “មិត្តភ័ក្ដិឲ្យយោបល់ថា បើត្រូវការលុយមែនឲ្យខ្ញុំទៅធ្វើការហាងខារ៉ាអូខេជាមួយគេទៅ គ្រាន់បានលុយធីបបន្តិចបន្តួច។ ហើយខ្ញុំក៏មកធ្វើ។ វាមិនល្អទេដែលខ្លួនស្រី មកធ្វើជានារីកំដរភ្ញៀវនោះ តែបើយើងត្រឹមត្រូវក៏គ្មាននរណាហ៊ានថាអីយើងដែរ។ ខ្ញុំជួនមកធ្វើជួនអត់”។
មានប្រវត្តិជាកម្មការិនី រោងចក្រដូចគ្នា ស្រីល័ក្ខណ៍ បានចូលធ្វើការនៅហាងបៀរហ្គាឌិនមួយតាមបណ្ដោយផ្លូវវ៉េងស្រេង។ កញ្ញាបាននិយាយថា ពីមុននាងមិនដែលគិតចង់ធ្វើការនឹងឡើយ ព្រោះយល់ថាជាការងារមិនសូវល្អ ប៉ុន្តែដោយចង់សាកល្បង កញ្ញាបានសម្រេចចិត្តចូលធ្វើការ។ “ទោះដឹងថាមិនល្អ តែខ្ញុំនៅតែចង់ប្រលូក។ ពេលខ្ញុំចេញពីធ្វើការ ខ្ញុំឃើញតាមហាងនារីៗស្លៀកពាក់ធ្វើមុខស្អាតៗ ណាមួយខ្ញុំមានបងស្រីជីដូនមួយធ្វើការនឹងដែរ ក៏ធ្វើនឹងគេទៅ”។
ចំណែកកញ្ញា លីដា ជានារីនៅហាងបៀរហ្គាឌិន ម្ដុំក្បាលថ្នល់បានឲ្យដឹងថា កញ្ញាបានទទួលការស្នើសុំឲ្យជួយពីម្ចាស់ហាង ដែលមានស្រុកភូមិជាមួយគ្នា។ “បច្ចុប្បន្នខ្ញុំកំពុងរៀនដេរម៉ូតសំលៀកបំពាក់ ហើយខ្ញុំមកធ្វើការនៅទីនេះ ក្នុងនាមជាអ្នកជួយមើលការខុសត្រូវភ្ញៀវ។ តែពេលខ្លះខ្ញុំក៏ជួយកំដរភ្ញៀវដែរ”។
ដោយឡែក អានី ធ្វើការនៅហាងម្ដុំសែនសុខ និយាយថា កញ្ញាមកធ្វើការងារកំដរភ្ញៀវ ដោយសារពិបាករកការងារធ្វើ ហើយបើរកបាននោះ កញ្ញានឹងឈប់ធ្វើ។ “ដោយសារ ការងារមុនប្រាក់ខែតិច ខ្ញុំសុំគេឈប់ ហើយនេះគ្រាន់តែជាការងារជួយរួចមួយគ្រា។ ខែក្រោយខ្ញុំនឹងឈប់ ព្រោះខ្ញុំបានជាប់ជាបុគ្គលិកទីផ្សារចុះតាមខេត្ត ផ្នែកចែកចាយផលិតផលឡេលាបស្បែក”។
មាន កត្តាជាច្រើនទៀត ដែលអន្ទងនារីៗ ឲ្យចូលធ្វើការតាមកន្លែងកម្សាន្តទាំងនេះ តែយ៉ាងណាទាំងប៉ុន្មានខាងលើ ជាការលើកឡើងពិត របស់ពួគាត់៕
